ខេត្តតាកែវ៖ ក្រុមអធិការកិច្ចក្រសួងមហាផ្ទៃ សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចុះធ្វើអធិការកិច្ចរយៈពេល ២ថ្ងៃ នៅរដ្ឋបាលស្រុកអង្គរបូរី ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើការអនុវត្តតួនាទី-ភារកិច្ចរបស់លោក ហង្ស វិច្ឆិការាស្សី បន្ទាប់ពីមានការរាយការណ៍ និងចោទប្រកាន់ពីប្រជាពលរដ្ឋអំពីការទាមទារប្រាក់ក្រៅនីតិវិធី។
ការចុះពិនិត្យរបស់ស្ថាប័នជំនាញនេះ បានធ្វើឡើងឆ្លើយតបទៅនឹងបណ្តឹងតវ៉ា និងការលើកឡើងពីប្រជាពលរដ្ឋ ព្រមទាំងអាជីវករមួយចំនួនក្នុងមូលដ្ឋាន
ទោះជាយ៉ាងណា គិតមកទល់ពេលនេះ មិនទាន់មានលទ្ធផលផ្លូវការណាមួយបញ្ជាក់ពីភាពត្រឹមត្រូវនៃបណ្តឹងចោទប្រកាន់ ឬកំណត់អំពីបទល្មើសរបស់បុគ្គលណាមួយនៅឡើយទេ។
ព្រឹត្តិការណ៍នេះ បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ខណៈមានការចោទសួរថា តើការស៊ើបអង្កេតនេះ នឹងផ្តោតតែលើបុគ្គលលោក ហង្ស វិច្ឆិការាស្សី ឬនឹងពង្រីក(វិសាលភាព) ទៅដល់ប្រព័ន្ធគ្រប់គ្រង និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក រួមទាំងលោក កង អាណាន់ អភិបាលស្រុកអង្គរបូរី ផងដែរ?
ផ្អែកតាមការអះអាងពីប្រជាពលរដ្ឋ និងអាជីវករ ការសាងសង់ និងជួសជុល អ្នកសាងសង់ផ្ទះថ្មី ឬកែលម្អផ្ទះចាស់ បានរាយការណ៍ថា ត្រូវបានទាមទារឱ្យបង់ប្រាក់មួយចំនួនដែលមិនមាននៅក្នុងនីតិវិធីច្បាប់កំណត់។
ការធ្វើអាជីវកម្ម៖ អាជីវករមួយចំនួនទម្លាយថា ពួកគេត្រូវបង់ប្រាក់ជាប្រចាំខែ ហើយប្រសិនបើតវ៉ា ឬមិនអនុវត្តតាម អាចប្រឈមនឹងសម្ពាធពាក់ព័ន្ធនឹងអាជ្ញាបណ្ណ ឬការបន្តអាជីវកម្ម។
ផ្អែកលើកត្តានេះ ប្រជាពលរដ្ឋ និងអាជីវករបានអំពាវនាវយ៉ាងទទូចដល់រដ្ឋបាលខេត្តតាកែវ ក្រសួងមហាផ្ទៃ និងអង្គភាព ACU ឱ្យបន្តការស៊ើបអង្កេតដោយស៊ីជម្រៅ សំដៅស្វែងរកប្រភពនៃការទារប្រាក់ បែបបទនៃការប្រមូល អ្នកទទួលផល និងការប្រកាសបំភ្លឺឱ្យបានច្បាស់លាស់ ការណ៍នេះ គឺដើម្បីបញ្ជាក់ការពិត ការពារទំនុកចិត្តរបស់សាធារណជនលើស្ថាប័នរដ្ឋ និងជៀសវាងការយល់ច្រឡំផ្សេងៗ។
បច្ចុប្បន្ន សាធារណជនកំពុងរង់ចាំមើលលទ្ធផលផ្លូវការពីការចុះអធិការកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច ថាតើការចោទប្រកាន់ទាំងនេះមានមូលដ្ឋានច្បាស់លាស់កម្រិតណា ហើយវិធានការផ្លូវច្បាប់បែបណាខ្លះនឹងត្រូវយកមកអនុវត្ត ប្រសិនបើប្រព្រឹត្តខុសពិតប្រាកដមែននោះ៕






