-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM.KH មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

រដ្ឋធានីប៉េកាំង បានចាប់អាម្មរណ៍លើសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញថា មានក្រុមហ៊ុនទេសចរណ៍ចិនធំៗ មកពី១៤ ខេត្តក្រុង និងរដ្ឋធានីប៉េកាំង បានចាប់អាម្មរណ៍លើសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើក «វេទិកាជំនួបផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» ដោយមានការចូលរួមពីលោក Jiang Chao តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅសណ្ឋាគារសុខា រ៉េស៊ីដង់ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅ នៃចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អ និងរឹងមាំរវាងកម្ពុជា និងចិន ឯកឧត្ដមរដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណ ចំពោះការអញ្ជើញមករបស់ធុរជនចិន ដែលពិតជាបានពិនិត្យមើលជាក់ស្តែង អំពីសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគកម្ពុជា នាពេលនេះ ជាពិសេសប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិ ប្រកបដោយសុខសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងមានភាពទាក់ទាញ។

តាមរយៈស្ថិតិទេសចរណ៍ រយៈពេល១១ខែក្នុងឆ្នាំ២០២៥នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបជិត ៥,២ (ប្រាំលានពីរសែន) នាក់ ដែលក្នុងនោះ ទេសចរមកពីមិត្តចិន មានចំនួនច្រើនជាង ១,១ (មួយលានមួយសែន) នាក់ កើនឡើងជិត៤៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

តាមរយៈនេះកម្ពុជា ត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួល បរិយាកាសទទួលបដិសណ្ឋារកិច្ច ដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា ជាពិសេសលើការផ្តល់ការលើកលែងទិដ្ឋាការ ដល់ប្រជាជនចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជា បានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងរដូវកាលបៃតងខាងមុខ។ តាមន័យនេះ ក្នុងរយៈពេល៤ខែខាងលើ ប្រជាជនចិនទាំងអស់ដែលកាន់លិខិតឆ្លងដែនសញ្ជាតិចិន ធ្វើដំណើរផ្ទាល់ពីប្រទេសចិន ឬ ពីប្រទេសដទៃផ្សេងទៀត អាចធ្វើដំណើរមកកម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺតម្រូវឱ្យបំពេញត្រឹមតែ E-arrival card ប៉ុណ្ណោះ។ 

ឯកឧត្តមរដ្ឋមន្រ្តី បានស្នើគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ ពិសេសគឺការលើកលែងទិដ្ឋាការ ដល់ប្រជាជនចិន នាឆ្នាំ២០២៦ ខាងមុខនេះ ឱ្យបានទូលំទូលាយ និងដល់ភ្ញៀវទេសចររបស់ក្រុមហ៊ុន ដើម្បីបង្កើនចំនួនភ្ញៀវទេសចិន មកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕
ប្រភពអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍











សូមអានបន្ត

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ) កាលពីថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ លេីប្រធានបទ<<តួរនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន>> រៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)សម្របសម្រួលដោយ លោក ពុយ គា ប្រធាន(ក.អ.ក) ព្រមទាំងមានការចូលរួមពីសំណាក់ គណៈធិបតីមានដូចជា÷

– ឯកឧត្តម ខៀវ កាញារឹទ្ឋ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតិតរដ្ឋមន្ត្រីក្រសួងព័ត៌មាន

– ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

– ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា

ក្នុងកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ និងសំណួរចម្លើយ ក៏បានសម្រេចនូវសេចក្តីថ្លែងការណ៍រួមក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលេីកទៅ២២  មានចំនួន១៣ចំណុច÷

១- វ.ន.ស.ក. សូមកោតសរសើរដោយស្មោះចំពោះអ្នកសារព័ត៌មាន ស្ថាប័ន និងសមាគមសារព័ត៌មានដែល បានពុះពារ គ្រប់ឧបសគ្គក្នុងការបំពេញការងាររបស់ខ្លួនបានយ៉ាងល្អតាមវិជ្ជាជីវៈ ក្រមសីលធម៌ សំខាន់ ក្នុងដំណាក់កាលនៃជម្លោះព្រំដែន។

២- វ.ន.ស.ក. យល់ឃើញថា អំឡុងពេលនេះ ឬចាប់ពីពេលនេះទៅអ្នកសារព័ត៌មាន ក៏ដូចជាម្ចាស់ស្ថាប័ន សារព័ត៌មាននីមួយៗត្រូវត្រៀមខ្លួនឱ្យបានល្អថែមមួយកម្រិតទៀតដើម្បីប្រឈមមុខនឹងហេតុការណ៍ ដែលកើតចេញពីបញ្ហាជម្លោះព្រំដែន។

៣- វ.ន.ស.ក. យល់ឃើញថា កាលៈទេសៈនៃជម្លោះព្រំដែន ការិយាល័យនិពន្ធ រួមទាំងអ្នកចងក្រងអត្ថបទ សារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មានត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈបន្ថែមទៀតទាក់ទងនឹងការផ្សព្វផ្សាយ ព័ត៌មាន ការចុះយកព័ត៌មាននិងការធ្វើសេចក្តីរាយការណ៍ព័ត៌មាន។ បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់ទាំងខ្លឹមសារ រូបភាព និងអក្ខរាវិរុទ្ធចៀសវាងការរិះគន់ពីសាធារណជន រួមទាំងការ ប្រឈមផ្លូវច្បាប់។

៤- វ.ន.ស.ក. ស្នើដល់ស្ថាប័នសារព័ត៌មាននានានូវរាល់អត្ថបទផ្សព្វផ្សាយក្នុងពេលមានជម្លោះព្រំដែន គប្បីចៀសវាងឱ្យបាននូវអត្ថបទព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ការបញ្ឆេះកំហឹងជាតិសាសន៍ ឬបង្កគ្រោះថ្នាក់ដល់ពលរដ្ឋកម្ពុជា និងពលរដ្ឋនៃប្រទេសដែលជាភាគីជម្លោះជាមួយកម្ពុជា ហើយដែលកំពុង រស់នៅតាមបណ្តោយព្រំដែនក៏ដូចជាពលរដ្ឋដែលកំពុងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតដោយរួម ទាំងអ្នកទេសចរផងដែរ។

៥- វ.ន.ស.ក. អំពាវនាវដល់អ្នកសារព័ត៌មានមិនត្រូវធ្វើសេចក្តីរាយការណ៍ព័ត៌មានពីបញ្ហាជម្លោះដោយ សំអាងលើប្រភពមិនច្បាស់លាស់ ឬផលិតមាតិកាក្នុងគោលដៅទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា និង ខ្វះការទទួលខុសត្រូវដែលនាំឱ្យជម្លោះកាន់តែតានតឹង។

៦- វ.ន.ស.ក. ស្នើដល់អ្នកសារព័ត៌មានទាំងឡាយគប្បីធ្វើសេចក្តីរាយការណ៍ព័ត៌មានដែលមានចរិតជួយ ជ្រោមជ្រែងឱ្យមានសន្តិភាពជាជាងមានចរិតដុតជម្លោះរវាងប្រទេសជាតិមួយ ជាមួយប្រទេសជាតិមួយទៀត។ ការធ្វើដូច្នេះដើម្បីធានាថាអ្នកសាព័ត៌មានបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍ សាធារណៈដែលជាតួនាទីចម្បងរបស់អ្នកសារព័ត៌មាន។

៧- វ.ន.ស.ក. ស្នើផងដែរចំពោះការប្រើពាក្យពេចន៍អត្ថាធិប្បាយដោយប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន។ ចំពោះព័ត៌មានរសើប ការិយាល័យនិពន្ធ ស្ថាប័នព័ត៌មានគប្បីផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ រាល់ព័ត៌មានដែលត្រូវចេញផ្សាយលឿនទាន់ហេតុការណ៍ ដើម្បីធានាថារាល់ខ្លឹមសារដែលចេញផ្សាយបាន ត្រឹមត្រូវ ដោយប្រមូលពីប្រភពច្បាស់ការណ៍ និងផ្លូវការ ជាភស្តុតាងរឹងមាំសម្រាប់សេចក្តីរាយការណ៍របស់ខ្លួន។

៨- វ.ន.ស.ក. រម្លឹកអ្នកសារព័ត៌មានគប្បីយល់ថា នៅក្នុងជម្លោះលើបញ្ហាព្រំដែន បញ្ហាយោធា បញ្ហាការទូត បញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គមរវាងប្រទេសដែលមានជម្លោះ ព័ត៌មានមួយចំនួនត្រូវបានរដ្ឋាភិបាលនៃប្រទេស នីមួយៗរក្សាជាការសម្ងាត់។ ដូច្នេះការផ្សព្វផ្សាយព័ត៌មានត្រូវមានការប្រុងប្រយ័ត្នផ្ទៀងផ្ទាត់ និងស្វែងរក ប្រភពដែលច្បាស់លាស់។ ទន្ទឹមនឹងនេះ វ.ន.ស.ក. ស្ទើរដ្ឋាភិបាលផ្តល់ព័ត៌មានបច្ចុប្បន្នភាពឱ្យបានទៀង ទាត់ ទាន់ពេលដល់អ្នកសារព័ត៌មានតាមសមត្ថកិច្ចរៀងៗខ្លួន។

៩- វ.ន.ស.ក. ស្នើដោយទទូចថា បើទោះបីជាអ្នកសារព័ត៌មាននៅក្នុងប្រទេសដែលមានជម្លោះនឹងគ្នាមាន និន្នាការ ទស្សនៈនយោបាយ និងសាសនាខុសគ្នា ព្រមទាំងមានចិត្តស្រលាញ់ជាតិសាសន៍រៀងៗខ្លួនក៏ដោយ ក៏ត្រូវគិតឱ្យបានល្អិតល្អន់មុនផ្សាយអត្ថបទព័ត៌មានស្តីពីជម្លោះ ដើម្បីចៀសវាងការយល់ច្រឡំគ្នាកាន់តែធំ និង ពង្រីកជម្លោះកាន់តែខ្លាំងឡើង។

១០- ផ្តើមពីនោះ វ.ន.ស.ក. សូមអំពាវនាវដោយទទូចជាថ្មីទៀតដល់និពន្ធនាយក និងអ្នកកែសម្រួល អត្ថបទព័ត៌មាននៃប្រទេសមានជម្លោះជាមួយកម្ពុជាត្រូវប្រកាន់យកជំហរដូចគ្នាដើម្បីរក្សាភាពថ្លៃថ្នូរ ក្រមសីល ធម៌ និងសុខដុមរមនាសម្រាប់ប្រទេសដែលមានព្រំដែនជាប់គ្នា។

១១- វ.ន.ស.ក. ស្នើស្ថាប័ន អង្គការ សមាគមពាក់ព័ន្ធរៀបចំវេទិកា កិច្ចពិភាក្សាដើម្បីផ្តល់ឱកាសដល់ និពន្ធនាយក និងអ្នកកែសម្រួលអត្ថបទព័ត៌មាននៅកម្ពុជាបានជួបជាមួយសមភាគីនៃប្រទេសជិតខាងក៏ ដូចជានៅក្នុងតំបន់ ពិសេសប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឱ្យបានញឹកញាប់ទាំង ទ្វេភាគី និងពហុភាគី ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងជួយសម្រាលភាពតានតឹងក្នុងករណីដែល ប្រទេសរបស់ខ្លួនមានជម្លោះនឹងគ្នា។

១២- វ.ន.ស.ក. ក្នុងស្ថានភាពនៃជម្លោះដែលបានសម្លាប់ជីវិតមនុស្ស និងបង្ករបួសស្នាមជាបន្តបន្ទាប់ រួមទាំងជនស៊ីវិល ក្នុងនោះមានស្ត្រី កុមារ រហូតដល់អ្នកសារព័ត៌មាន យើងសូមអំពាវនាវចំពោះអ្នកសារ ព័ត៌មានអន្តរជាតិទាំងអស់ឱ្យមកយកព័ត៌មានដោយផ្ទាល់ ផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានតុល្យភាព និង មានទំនួលខុសត្រូវតាមវិជ្ជាជីវៈដើម្បីរួមចំណែកកាត់បន្ថយភាពតានតឹង និងឈានទៅបញ្ឈប់សង្គ្រាមតែម្តង។

១៣-វ.ន.ស.ក. ស្នើដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ស្ថាប័នសារព័ត៌មានគប្បីចូលរួមកសាង ឯកសាររស់ (រូបភាព រូបថត សំឡេង អត្ថបទ) ពីវិនាសកម្មសង្គមដែលកើតចេញពីជម្លោះព្រំដែន ដើម្បី ទុកជាតឹកតាងប្រវត្តិសាស្ត្រជាតិ៕

ប្រភព៖អគ្គនាយកដ្ឋានព័ត៌មាននិងសត្វទស្សន៍












សូមអានបន្ត

ក្រុមហ៊ុនមីដាស ផ្តល់ជំនួយជានំមីដាស ចំនួន ១៤០កេស ដល់ក្រសួងព័ត៌មាន

ចំនួនអ្នកទស្សនា: Views

 


ក្រុមហ៊ុនមីដាស ផ្តល់ជំនួយជានំមីដាស ចំនួន ១៤០កេស ដល់ក្រសួងព័ត៌មាន ដើម្បីចែកដល់កុមារនៅក្នុងជំរំជនភៀសសឹក ដែលតាមគ្រួសារមកពីតំបន់រងគ្រោះដោយ សារយោធាថៃទម្លាក់គ្រាប់បែក និង ប្លោងចូលភូមិ ស្រុក ប្រជាពលរដ្ឋសុីវិលស្លូតត្រង់,

នៅក្នុងឱកាសអញ្ជើញទទួលអំណោយពីសប្បុរសជន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណជូនចំពោះ លោក YU TAO អគ្គនាយកក្រុមហ៊ុនមីដាស ដែលបានផ្តល់ជំនួយជានំមីដាស ចំនួន ១៤០កេស មកក្រសួងព័ត៌មាន ដែលនេះជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងបានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់ លោកអគ្គនាយក លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ជាពិសេស ដើម្បីចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន ។ ឯកឧត្តម បានជម្រាបជូនថា បន្ទាប់ពីយោធាថៃឈ្លានពានទឹកដីកម្ពុជា ដោយបានទម្លាក់គ្រាប់បែក និង ប្លោងចូលភូមិ ស្រុក ប្រជាពលរដ្ឋ សុីវិលស្លូតត្រង់ ធ្វើឲ្យប្រជាជនភៀសខ្លួនមកនៅជំរំភៀសសឹកតាមបណ្តាខេត្តនានារហូតមកដល់ពេលនេះមានចំនួនកើនឡើងជិតកន្លះលាននាក់ហើយ ក្នុងនោះមានកុមារប្រមាណជិត ១៥មុឺននាក់ បានភៀសសឹកមកតាមឳពុក ម្តាយ និងបងប្អូន ហើយកំពុងជួបការលំបាក។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណនិងសូមជូនពរ ក្រុមហ៊ុនមីដាស ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យ បន្ថែមទៀត ព្រមទាំង លោកអគ្គនាយក និងសហការីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
លោក YU TAO អគ្គនាយកក្រុមហ៊ុនមីដាស បានបញ្ជាក់ពីជំហរក្នុងការបន្តចូលរួមគាំទ្រ និងឧបត្តម្ភ ដល់សកម្មភាពការងារមនុស្សធម៍របស់ក្រសួងព័ត៌មាន ជាពិសេសក្នុងខណៈពេលមានសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា គឺអ្វីដែលសំខាន់ដែលក្រុមហ៊ុនជួយបានគឺមានតែការផ្តល់អំណោយជួយទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋ កុមារ កំពុងស្នាក់នៅក្នុងជំរំភៀសសឹកយ៉ាងច្រើន ។ ក្រុមហ៊ុន មីដាសហ្វូដ មានមោទនភាពដែលបានចូលរួមចំណែកជាមួយក្រសួងព័ត៌មាន ដើម្បីឆ្ពោះទៅរកគោលបំណងរួមក្នុងការលើកកម្ពស់សុខុមាលភាព និងអនាគតដ៏ល្អសម្រាប់កុមារ និងសង្គមជាតិបន្តទៅមុខទៀត ៕
ប្រភពអគ្គនាយកដ្ឋានព័ត៌មាននិងសល់ទស្សន៍







សូមអានបន្ត

ឯកឧត្តម វ៉ី សំណាង នាំយកអំណោយ "មហាគ្រួសារបេះដូងអ្នកខេត្តតាកែវ" ឧបត្ថម្ភ និងជួយសម្រាលទុក្ខលំបាកជនភៀសសឹកក្នុងខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views


ខេត្តបាត់ដំបង៖ ក្នុងស្មារតី "ខ្មែរជួយខ្មែរ" និងដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកពីការសង្រ្គាមឈ្លានពានរបស់អាចោរសៀមនោះ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត នាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាទៅប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដែលមានវត្តមានឯកឧត្តម សុខ លូ អភិបាលខេត្ត ទទួលផងដែរ ។

អំណោយដែលបាននាំយកទៅប្រគល់ជូននាពេលនេះ គឺជាសមានចិត្តរួមគ្នារបស់ "មហាគ្រួសារបេះដូងអ្នកខេត្តតាកែវ" ទាំងមូល ដើម្បីឆ្លើយតប និងជួយសម្រាលការលំបាកដោយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋដែលជា ជនភៀសសឹក ក្នុងភូមិសាស្ត្រស្រុកចំនួន ៤ នៃខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា "ក្នុងនាមមហាគ្រួសារបេះដូងអ្នកខេត្តតាកែវទាំងមូល ខ្ញុំសូមចូលរួមសម្រាលការលំបាករបស់បងប្អូនជនភៀសសឹក នៃខេត្តបាត់ដំបងក្នុងគ្រាដ៏លំបាកនេះ។ ជំនួយដែលបាននាំមកនាពេលនេះ គឺជាទឹកចិត្តសាមគ្គីភាព និងការបារម្ភពីសុខទុក្ខរបស់បងប្អូនពីសំណាក់មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តតាកែវចំពោះបងប្អូនខេត្តបាត់ដំបង" ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាជនភៀសសឹកនៅខេត្តផ្សេងទៀតផងដែរ ដែលទទួលរងទុក្ខដោយសារតែសង្រ្គាមឈ្លានពានពីសំណាក់ចោរសៀម ។

ក្នុងឱកាសទទួលអំណោយ"មហាគ្រួសារបេះដូងអ្នកខេត្តតាកែវ" ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅបំផុត ហើយនឹងយក អំណោយសប្បុរសធម៌ទាំងនេះ ដើម្បីចាត់ចែង និងបែងចែកបន្តឱ្យដល់ដៃប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយចាំបាច់បំផុត។ សកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែជួយសម្រាលការខ្វះខាតខាងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ដល់កម្លាំងចិត្តយ៉ាងធំធេងដល់បងប្អូនជនភៀសសឹក ដែលឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់រវាងរដ្ឋបាលខេត្ត និងខេត្ត ក្នុងមហាគ្រួសារខ្មែរតែមួយ ៕

ប្រភពមន្ទីរព័ត៌មានខេត្តតាកែវ
























សូមអានបន្ត

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។