ខេត្តបាត់ដំបង៖ ក្នុងស្មារតី "ខ្មែរជួយខ្មែរ" និងដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកពីការសង្រ្គាមឈ្លានពានរបស់អាចោរសៀមនោះ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត នាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាទៅប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដែលមានវត្តមានឯកឧត្តម សុខ លូ អភិបាលខេត្ត ទទួលផងដែរ ។
អំណោយដែលបាននាំយកទៅប្រគល់ជូននាពេលនេះ គឺជាសមានចិត្តរួមគ្នារបស់ "មហាគ្រួសារបេះដូងអ្នកខេត្តតាកែវ" ទាំងមូល ដើម្បីឆ្លើយតប និងជួយសម្រាលការលំបាកដោយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋដែលជា ជនភៀសសឹក ក្នុងភូមិសាស្ត្រស្រុកចំនួន ៤ នៃខេត្តបាត់ដំបង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា "ក្នុងនាមមហាគ្រួសារបេះដូងអ្នកខេត្តតាកែវទាំងមូល ខ្ញុំសូមចូលរួមសម្រាលការលំបាករបស់បងប្អូនជនភៀសសឹក នៃខេត្តបាត់ដំបងក្នុងគ្រាដ៏លំបាកនេះ។ ជំនួយដែលបាននាំមកនាពេលនេះ គឺជាទឹកចិត្តសាមគ្គីភាព និងការបារម្ភពីសុខទុក្ខរបស់បងប្អូនពីសំណាក់មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តតាកែវចំពោះបងប្អូនខេត្តបាត់ដំបង" ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាជនភៀសសឹកនៅខេត្តផ្សេងទៀតផងដែរ ដែលទទួលរងទុក្ខដោយសារតែសង្រ្គាមឈ្លានពានពីសំណាក់ចោរសៀម ។
ក្នុងឱកាសទទួលអំណោយ"មហាគ្រួសារបេះដូងអ្នកខេត្តតាកែវ" ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅបំផុត ហើយនឹងយក អំណោយសប្បុរសធម៌ទាំងនេះ ដើម្បីចាត់ចែង និងបែងចែកបន្តឱ្យដល់ដៃប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយចាំបាច់បំផុត។ សកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែជួយសម្រាលការខ្វះខាតខាងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ដល់កម្លាំងចិត្តយ៉ាងធំធេងដល់បងប្អូនជនភៀសសឹក ដែលឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់រវាងរដ្ឋបាលខេត្ត និងខេត្ត ក្នុងមហាគ្រួសារខ្មែរតែមួយ ៕
ប្រភពមន្ទីរព័ត៌មានខេត្តតាកែវ

























0 Comment:
Post a Comment