ចេញផ្សាយដោយ៖ www.kehaktomporknm.com.kh on January 08, 2026
ស្វាយរៀង៖ផ្តើមចេញពីការគិតគូរជាប់រៀងរហូតមក សម្តេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ និងជាប្រធានក្រុម ប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦បានអញ្ជើញសាកសួរសុខទុក្ខគ្រួសារវីរកងទ័ព វីរនគរបាល និងប្រជាជនភៀសសឹកចំនួន៤៦៧គ្រួសារនៅ ស្រុករមាស ហែក ខេត្តស្វាយរៀង។
ក្នុងពិធីសំណេះសំណាលសាកសួរសុខដោយមានវត្តមានចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង, ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោក ជំទាវ, ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ព្រមទាំងថ្នាក់ ដឹកនាំ មន្រ្តីរាជការជាច្រើនរូបផង សម្តេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ បានថ្លែងទៅកាន់គ្រួសារវីរកងទ័ព វីរនគរបាលនូវការដឹងគុណចំពោះវីរភាពរបស់កងទ័ព នគរបាល ដែលបានលះបង់គ្រួសារទៅបំពេញភារកិច្ចការពារមាតុភូមិប្រកបដោយ ទឹកចិត្តក្លាហាន។ដឹងគុណដល់វីរកងទ័ព វីរនគបាល ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិ ។
សម្ដេចក៏បានកោតសរសើរការចូលរួមរបស់ប្រជាជនគ្រប់ ស្រទាប់ វណ្ណៈ ក្នុងនាមជាអ្នកជួរ ក្រោយ ដែលបានលះបង់ក ម្លាំង កាយ ចិត្តមិនខ្លាចនឿយ ហត់ គាំទ្រដល់ភាព ដ៏អង់អាច របស់ វីរកងទ័ព វីរនគរបាលជួរមុខយ៉ាង សស្រោកសស្រាំ ។
សម្ដេច ម៉ែន សំអន ក៏បានរំលឹកផងដែរក្នុងរយៈពេល ២១ថ្ងៃកន្លងទៅដោយសារការវាយប្រហារពីកងយោធាថៃបាន ជំរុញ ឱ្យប្រជាពលរដ្ឋខ្មែរជាច្រើនបានក្លាយជាជនភៀសសឹកនៅលើទឹកដីរបស់ខ្លួន ក្នុងនេះក៏មានជនភៀសសឹក មក ដល់ ខេត្តស្វាយរៀងផងដែរ។ ក្នុងស្ថានភាពនេះសម្ដេច ម៉ែន សំអន បានកោតសរសើរដល់ក្រុមការងារ រាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ក្នុងនេះ ក៏មាន ឯកឧត្តម សុខ សូកេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ដែលបានបំពេញ ការងារ មូលដ្ឋានបានយ៉ាងល្អ និងបានរួមសហការ ជាមួយនឹងក្រុមការងារចុះមូលដ្ឋាន ក៏ដូចជាការកៀងគរនូវស្បៀង អាហារ និងសម្ភារៈមួយចំនួនធំ ឧបត្ថម្ភដល់ជនភៀសសឹកព្រមទាំងក្រុម គ្រួសារវីរកងទ័ព វីរនគរបាលក្នុងថ្ងៃនេះ។
ក្នុងឱកាសដដែលនេះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាន បន្តលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ខិតខំ សាមគ្គីគ្នា ជាធ្លុងមួយ និងបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ,សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីការពារបូរណភាពទឹកដី រួមសុខទុក្ខជាមួយវីរកងទ័ព វីរនគរបាល និងប្រជាជន គ្រប់រូប។
សម្ដេច ម៉ែន សំអន និងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ពិសេសក្រុម ការងារស្រុករមាសហែកបាននាំនូវអំណោយមានស្បៀងអាហារ សម្ភារៈប្រើប្រាស់ទៅចែកជូន គ្រួសារចូលរួមចំនួន ៤៦៧គ្រួសារមាន អង្ករ ទឹកសុទ្ធ មី ពងមាន់ ឃីតមួយកញ្ចប់មាន៖ មុង ក្រមា សារុង សាប៊ូកក់សក់ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ សាប៊ូដុសខ្លួន សាប៊ូបោកខោអាវ និងថវិកាមួយចំនួន៕









0 Comment:
Post a Comment